សម្ដេចតេជោ រីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន រវាងកងទ័ពកម្ពុជា និងឡាវ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏រីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ដ្រីការពារជាតិឡាវ មកកាន់កម្ពុជាក្នុងឱកាសនេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែម ហើយនិយាយដោយឡែកគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏រីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ អនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ហើយលោក បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត ។

លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្ដេចតេជោក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន