សម្ដេច ស ខេង ចេញបញ្ជាក្តៅដល់មន្ត្រីរាជការក្រសួងមហាផ្ទៃ ណាមានអាជីពមេធាវីត្រូវជ្រើសរើសផ្លូវតែមួយគត់

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះមន្ដ្រីរាជការ នៃក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈមេធាវី។

តាមរយៈលិខិតចំនួន ២ ទំព័រ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មន្ត្រីរាជការក្រសួងមហាផ្ទៃដែលមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ត្រូវតែជ្រើសរើសយកវិជ្ជាជីវៈតែមួយដោយត្រូវរៀបចំនីតិវិធី ដើម្បីស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈណាមួយ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវី។

ក្នុងន័យនេះ សម្តេចក្រឡាហោម សំដៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ និងជៀសវាងមន្ត្រីរាជការមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ក្រសួងមហាផ្ទៃ។

ក្នុងលិខិតដដែលបានសង្កត់ធ្ងន់ថា មន្ត្រីរាជការដែលមានវិសមិតភាពត្រូវជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយទុករយៈពេល០៣ ខែ ចាប់ថ្ងៃទី២៨ ខែកុម្ភៈ។ ហើយបើសាមីខ្លួននៅតែពុំជ្រើសរើសយកវិជ្ជាជីវៈតែមួយនោះទេ ក្រសួងមហាផ្ទៃនឹងចាត់វិធានការដោយលុបឈ្មោះចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព