មុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានReutersថា កងកម្លាំងរបស់ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្ដិភាពសម្របសម្រួលដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកាលពីចុងឆ្នាំ២០២៥ ក៏ដោយ។

សម្ដេចធិបតីបានបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានReuters កាលពីថ្ងៃអង្គារ អំឡុងពេលសម្ដេចធ្វើដំណើរទៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិភាពដែលត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំដោយលោកដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក ក្នុងសប្ដាហ៍នេះ។
យោងតាមទីភ្នាក់ងារ រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់ប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) ចាប់ផ្ដើមធ្វើការរបស់ពួកគេឡើងវិញលើតំបន់ព្រំដែនដែលមានជម្លោះ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា ស្ថាប័នក្រុមប្រឹក្សាសិន្តិភាពថ្មីនេះ អាចដើរតួនាទីក្នុងការបន្ធូរបន្ថយ ស្ថានការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលសម្តេចបានពិពណ៌នាថា ជាការ “ផុយស្រួយ” ទោះបីជាមានបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាឡើងវិញក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាលើកដំបូង ជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសាទរចំពោះទំនាក់ទំនង ដ៏កក់ក្តៅជាមួយ ទីក្រុងវ៉ាស៊ីនតោនផងដែរ។
សូមរម្លឹកដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប។កិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ ហ្សាលីន

