កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters៖ សម្តេចធិបតីថា កម្ពុជា ប្រកាន់ជំហរមិនរំលោភទឹកដីអ្នកដទៃ និងមិនទទួលយកការរំលោភបំពានពីអ្នកដទៃឡើយ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយសាព័ត៌មានអន្តរជាតិ Reuters នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោក ត្រាំ។ទន្ទឹមគ្នានេះ សម្តេចធិបតី បានបង្ហាញជំហរជាថ្មីថា កម្ពុជា មិនរំលោភទឹកដីអ្នកដទៃ និងមិនទទួលយកការរំលោភបំពានពីអ្នកដទៃឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសន៍ខាងលើ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាបង្ហាញជំហរជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញ មិនរំលោភទឹកដីអ្នកដទៃ និងមិនទទួលយកការរំលោភបំពានពីអ្នកដទៃឡើយ ដោយប្រកាន់យកការដោះស្រាយជម្លោះតាមរយៈផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ពាក់ព័ន្ធបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនេះដែរ សម្តេចធិបតីថា នៅតែមានភាព “ផុយស្រួយ” ទោះបីជាមានយន្តការសន្តិភាពក៏ដោយ។ សម្តេចបានកត់សម្គាល់ថា មានកងទ័ពថៃកំពុងឈរជើងជ្រៅក្នុងទឹកដីកម្ពុជា ហួសពីខ្សែបន្ទាត់ទាមទារឯកតោភាគីរបស់ថៃទៅទៀត។

សម្តេចធិបតី បានបន្តថា ផលប៉ះពាល់ ការបិទផ្លូវដោយកុងតឺន័រ និងរបងលួសបន្លាពីភាគីថៃ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០,០០០ នាក់ ត្រូវភៀសខ្លួន និងមិនអាចត្រឡប់ទៅផ្ទះវិញបាន។

ជាមួយគ្នានេះ សម្តេចធិបតីថា ជាដំណោះស្រាយ កម្ពុជាជំរុញឱ្យប្រើប្រាស់យន្តការ JBC (គណៈកម្មការចម្រុះកិច្ចការព្រំដែន) និង GBC (គណៈកម្មការព្រំដែនទូទៅ) ដើម្បីដោះស្រាយតាមបច្ចេកទេស និងសន្ធិសញ្ញាដែលមានស្រាប់ ជាជាងការប្រើកម្លាំងបាយ។

បើតាមសម្ដេចធិបតី កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភបំពានលើអធិបតេយ្យ ឬបូរណភាពទឹកដីរបស់កម្ពុជា។ ដូច្នេះសម្ដេចធិបតីសង្ឃឹមថា ថៃនឹងយល់ព្រម ហើយនឹងចាប់ផ្ដើមអនុញ្ញាតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ អត្ថបទ៖ ហ្សាលីន