ធនាគារកណ្តាលអាមេរិក អាចនឹងបន្តកាត់បន្ថយអត្រាការប្រាក់ច្រើនដង បើអតិផរណាឈានដល់ ២%

អន្តរជាតិ

យោងតាមលោក Austan Goolsbee ប្រធានធនាគារកណ្តាលអាមេរិក (Fed) ប្រចាំនៅរដ្ឋ Chicago បាននិយាយកាលពីពេលថ្មីៗនេះថា ធនាគារកណ្តាលអាមេរិក អាចនឹងអនុម័តកាត់បន្ថយអត្រាការប្រាក់ជាច្រើនដងបន្ថែមទៀត នៅឆ្នាំនេះ ប្រសិនបើអតិផរណាបន្តធ្លាក់ចុះដល់កម្រិតគោលដៅ ២% របស់ Fed ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបាននិយាយទៅកាន់សារព័ត៌មាន CNBC លោក Goolsbee បានលើកឡើងថា ៖” ប្រសិនបើយើងអាចបង្ហាញថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកអតិផរណា ២% នោះខ្ញុំនៅតែគិតថាមានការកាត់បន្ថយអត្រាការប្រាក់ជាច្រើនទៀត ដែលអាចកើតឡើងនៅឆ្នាំ២០២៦ នេះ។ ប៉ុន្តែយើងត្រូវតែរង់ចាំមើលសិន នៅក្នុងការបង្ហាញទិន្នន័យនាពេលខាងមុខ”។

គួរឲ្យដឹងថា ធនាគារកណ្តាលអាមេរិក Fed បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឲ្យនៅថេរ ក្នុងចន្លោះពី ៣,៥%​ ទៅ ៣,៧៥%​ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧-២៨ ខែមករា ហើយវាត្រូវបានគេរំពឹងទុកថា Fed អាចនឹងបន្តធ្វើដូច្នេះម្តងទៀត នោក្នុងកិច្ចប្រជុំបន្ទាប់ នាថ្ងៃទី១៧-១៨ ខែមីនា ខាងមុខ។

ជម្រាបជូនផងដែរថា យោងតាមទិន្នន័យថ្មីៗនេះ បានធ្វើឲ្យធនាគារកណ្តាលអាមេរិក រក្សាស្ថានភាពរបស់ខ្លួន នៅពេលដែលកំណើនការងារនៅក្នុងខែមករា បានកើនឡើងខ្ពស់ជាងការរំពឹងទុកចំនួន ១៣០ ០០០ កន្លែង ស្របពេលអត្រាគ្មានការងារធ្វើបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៤,៣% និងបានកាត់បន្ថយការព្រួយបារម្ភមួយចំនួនដែលថាទីផ្សារការងារហៀបនឹងធ្លាក់ចុះ និងកាត់បន្ថយអំណះអំណាងមួយចំនួនផ្សេងទៀត សម្រាប់ការកាត់បន្ថយអត្រាការប្រាក់ភ្លាមៗ៕​