លោក ត្រាំ ថាសហរដ្ឋអាមេរិកនឹងចូលវិភាគទាន ១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិដល់ក្រុមប្រឹក្សាសន្តិភាពចំនួន ១០ពាន់លានដុល្លារ ខណៈពេលដែលសម្ព័ន្ធមិត្តផ្សេងទៀតនឹងចូលរួមវិភាគទានចំនួន ៧ពាន់លានដុល្លារ ដល់កញ្ចប់ជំនួយសង្គ្រោះតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ​បាននិយាយនៅក្នុងសម័យប្រជុំបើកសម្ពោធក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈថា ៖“សហរដ្ឋអាមេរិកនឹងចូលរួមវិភាគទានចំនួន ១០ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព។ យើងនឹងសម្រេចបាននូវក្តីស្រមៃនៃការនាំមកនូវសន្តិភាពយូរអង្វែងដល់ទឹកដីដែលរងទុក្ខដោយសង្គ្រាម និងទុក្ខវេទនារាប់សតវត្សមកហើយ”។

លោកត្រាំ ក៏បានបន្ថែមទៀតថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជា អារ៉ាប៊ីសាអូឌីត អាស៊ែបៃហ្សង់ បារ៉ែន កាហ្សាក់ស្ថាន គុយវ៉ែត ម៉ារ៉ុក កាតា អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ូសបេគីស្ថាន បានចូលរួមវិភាគទានជាង ៧ពាន់លានដុល្លារដល់កញ្ចប់ជំនួយសង្គ្រោះតំបន់ហ្គាហ្សា ខណៈពេលដែលលោកបានបញ្ជាក់ពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចព្រមព្រៀងសន្តិភាពបែបនេះ បន្ថែមទៀត។

ជម្រាបជូនថា ក្រុមប្រឹក្សាសន្តិភាពត្រូវបានគេមើលឃើញថាជាគំនិតផ្តួចផ្តើមដ៏មានប្រសិទ្ធភាពបំផុតចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលា ឆ្នាំ២០២៣ ដោយសម្រួលដល់ការសន្ទនា និងការចរចាក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់ជម្លោះ និងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពសម្រាប់តំបន់នេះ៕​