ADB កាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ ដោយសារវិបត្តិថាមពលសកល

អន្តរជាតិ

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍មកនៅត្រឹមតែ ៤,៥% ប៉ុន្តែនៅតែរក្សាកំណើនសម្រាប់ប្រទេសវៀតណាម ចំពេលកំពុងតែមានការរំខានផ្នែកថាមពលយូរអង្វែងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៩ ខែកក្កដា ADB បានធ្វើបច្ចុប្បន្នភាពនៃការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបន្ថយការរំពឹងទុកចំពោះកំណើនសម្រាប់តំបន់ និងអនុតំបន់ភាគច្រើន។

យ៉ាងណាមិញ ក្នុងចំណោមជម្លោះដែលកំពុងបន្ត ធនាគារអភិវឌ្ឍអាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីអាគ្នេយ៍មកត្រឹម ៤.៥% ដែលជាការថយចុះ ០.១% បើប្រៀបធៀបទៅនឹងរបាយការណ៍របស់ខ្លួនកាលពីបីខែមុន។ ក្នុងពេលជាមួយគ្នានេះ អតិផរណានៅក្នុងតំបន់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣.៨% ពោលគឺបានកើនឡើង ០.៧% បន្ថែមទៀត។

ទន្ទឹមនឹងនេះ អ្នកជំនាញមកពី ADB ជឿជាក់ថា ការរំខានថាមពលយូរអង្វែងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាកំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងការរំពឹងទុកទៅលើសេដ្ឋកិច្ចរបស់តំបន់នេះ។ មិនតែប៉ុណ្ណោះ ផលប៉ះពាល់ទាំងនេះក៏កំពុងរីករាលដាលពីវិស័យថាមពលរហូតដល់ជី ទំនិញផ្សេងៗទៀត និងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។

គួរជម្រាបជូនថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីន និងកម្ពុជាបានឃើញការធ្លាក់ចុះធំបំផុតនៃការព្យាករនៃកំណើនសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនឥឡូវនេះត្រូវបានព្យាករថានឹងមានចំនួន ៣,៨% និងប្រទេសកម្ពុជាមានចំនួន ៤,១% ពោលគឺបានធ្លាក់ចុះ ០,៦% និង ០,៥% រៀងៗខ្លួនពីការព្យាករពីមុន។ ចំណែកឯវៀតណាមនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់ ដោយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករថានឹងនៅតែមាន ៧,២% ក្នុងឆ្នាំ២០២៦ និង ៧% ក្នុងឆ្នាំបន្ទាប់៕​