មហាសេដ្ឋីកំពូលៗទាំងប្រាំរបស់អូស្ត្រាលី បានឃើញទ្រព្យសម្បត្តិសរុបរបស់ពួកគេកើនឡើង ១៤% ដល់ចំនួន ៩៤ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះបីជាមានភាពមិនប្រាកដប្រជាជាសកលដែលបង្កឡើងដោយពន្ធគយរបស់សហរដ្ឋអាមេរិក និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។

មហាសេដ្ឋីរ៉ែ លោកស្រី Gina Rinehart នៅតែបន្តរក្សាតំណែងកំពូលរបស់ខ្លួន ក្នុងនាមជាអ្នកមានបំផុតរបស់ប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក លោកស្រីបានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះ ១៥% មកនៅត្រឹម ២៤,៦ពាន់លានដុល្លារ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយទស្សនាវដ្តីអាមេរិក Forbes ។
ទន្ទឹមនឹងនេះ លោក Harry Triguboff ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Meriton បានពង្រឹងជំហររបស់លោកក្នុងនាមជាអ្នកមានបំផុតទីពីររបស់ប្រទេសអូស្ត្រាលី ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ២០% ដល់ ២២,៦ពាន់លានដុល្លារ។
បន្ទាប់មក គឺលោក Andrew Forrest ដែលជាមហាសេដ្ឋីរ៉ែ បានឡើងមកឈរនៅលំដាប់ទីបី បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុននៅក្រុមហ៊ុនផលិតរ៉ែដែក Fortescue Metals Group ដែលបានបង្កើនទ្រព្យសម្បត្តិរបស់លោកដល់ ២០,១ពាន់លានដុល្លារ។
ដោយឡែកសហស្ថាបនិកក្រុមហ៊ុនរចនាសូហ្វវែ Canva លោក Cliff Obrecht និងលោកស្រី Melanie Perkins បានឡើងមកកាន់ចំណាត់ថ្នាក់ទីបួន ជាមួយចំនួនទ្រព្យសម្បត្តិសរុបប្រមាណជាង ១៥ពាន់លានដុល្លារ។ និងចុងក្រោយគឺលោក Anthony Pratt ដែលជាប្រធានក្រុមហ៊ុនវេចខ្ចប់ និងកែច្នៃឡើងវិញ Visy Asia-Pacific បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងដល់ ១១,៥ពាន់លានដុល្លារ៕

