អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញផែនការអាជីវកម្មជាច្រើនវិស័យចំនួន ១៤ចំណុច សម្រាប់អនុវត្តជាយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៦នេះ ដើម្បីចូលរួមជួយកំណើនសេដ្ឋកិច្ចកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “បន្ទាប់ពីកុងស៊ីហ្វាឆាយចប់ មកបើកមើលផែនការឆ្នាំ២០២៦ ចង់វិលមុខ ច្រើនវិស័យពេក ខួរក្បាលត្រូវត្រឡប់ទៅ ត្រឡប់មក ដើរយឺត ឬលឿនអាស្រ័យលើមេទ័ពក្រុមហ៊ុនទាំងអស់គ្នា ហើយសំខាន់ផ្នែកវិស័យរដ្ឋជួយជំរុញ និងគាំទ្របានលឿនប៉ុណ្ណា ដើម្បីកំណើនសេដ្ឋកិច្ចជាតិរួមគ្នា។ ជួយគ្នាគិត រួមគ្នាធ្វើ ហាមដើរ រត់ឱ្យលឿនបំផុត ព្រោះជាតិត្រូវការពួកយើង។ យើងធ្វើបាន ព្រោះយើងមានឆន្ទ:តែមួយ ដើម្បីគោលដៅរួមតែមួយ គឺដើម្បីកម្ពុជាខ្លាំង។ #គ្រួសារវីរ:ប៊ុនថាំ”។
បើតាមបញ្ជីផែនការ១៤ចំណុចក្នុងឆ្នាំ២០២៦ របស់អ្នកឧកញ៉ា សួរ វីរៈ រួមមានដូចខាងក្រោម៖
១.ពង្រីកសាខា និងឃ្លាំងស្តុកផលិតផលបោះដុំនៅចិន អូស្ត្រាលី អាមេរិក កាណាដា បារាំង… ពង្រីកការនាំចេញកសិផល និងផលិតផលខ្មែរទៅក្រៅប្រទេស។
២.បន្តកុងត្រាជាមួយសហគមទំនើបផលិតស្រូវអង្ករ។
៣.កុងត្រាប្រមូលទិញបន្លែពីសហគមន៍នានាចែកចាយទូទាំងប្រទេស បន្ថយការនាំចូលបន្លែក្រៅស្រុក។
៤.សម្ពោធរោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ។
៥.សម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេស។
៦.សម្ពោធក្រុមហ៊ុនហោះហើរ VET Airways។
៧.សម្ពោធរីសតនៅ Mad Monkey នៅខេត្តកំពត។
៨.សម្ពោធផ្សារទំនិញអេឡិចត្រូនិក Vtech ជាមួយ Taobao, Temo, 1688, Amazon នៅប្រទេសចិន។
៩.ពង្រីកស្ថានីយសាករថយន្តអគ្គីសនីទូទាំងប្រទេសឱ្យបាន ១០០សាខា។
១០.ពង្រីកសេវាកម្មដឹកទំនិញឡានត្រជាក់ ២៥ខេត្តក្រុង។
១១.ពង្រីកនិងពង្រឹងសេវាកម្មដឹកអ្នកដំណើរផ្លូវគោក សេវាកម្មដឹកទេសចរផ្លូវទឹក និងសេវាកម្មផ្លូវអាកាស។
១២.ពង្រឹងសេវាកម្មបញ្ញើរឆាប់រហ័សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបន្ថែមរថយន្តកុងតឺន័រ។
១៣.សាងសង់រីសតកោះរ៉ុង កោះកុង និងដំណាក់ក្បូន។
១៤.សាងសង់បន្ថែមវីឡាលំហែតារាសាគរ កោះស្តេច និងផ្ទះតម្លៃទាបនៅតារាសាគរ៕






