អូស្រ្តាលី ព្រមានចាត់វិធានការឆ្លើយតប ក្រោយលោក ត្រាំ ដំឡើងពន្ធសកលដល់ ១៥%

អន្តរជាតិ

រដ្ឋាភិបាលអូស្រ្តាលី ថ្មីៗនេះបានព្រមានថានឹងពិនិត្យមើលរាល់ជម្រើសទាំងអស់ ដើម្បីជាការឆ្លើយតប បន្ទាប់ពិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងអត្រាពន្ធ ១៥% បន្ថែមទៀតនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Investing។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្រ្តាលី លោក Don Farrell បានហៅការផ្លាស់ប្តូរនេះថាជារឿងមិនសមហេតុផល ដោយលោកក៏បានបង្ហាញពីភាពប្រេះឆាដែលអាចកើតឡើងរវាងភាគីប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តដ៏ជិតស្និទ្ធមួយ។

គួរឲ្យដឹងថាការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក ត្រាំ បានសម្រេចបង្កើនពន្ធ ១០%​ និងក្រោយមកដំឡើងដល់ ១៥% សម្រាប់ការនាំចូលទំនិញពីគ្រប់ប្រទេសទាំងអស់ បន្ទាប់ពីតុលាការកំពូលអាមេរិក សម្រេចលុបចោលយន្តការពន្ធពីមុនរបស់រដ្ឋបាលរបស់លោក ត្រាំ ដែលត្រូវចាត់ទុកថាខុសច្បាប់។

យ៉ាងណាមិញ សម្រាប់ប្រទេសអូស្ត្រាលី ការបង្កើនពន្ធគយថ្មីនេះ គឺមានហានិភ័យខ្ពស់។ ក្នុងនាមជាអ្នកនាំចេញរ៉ែដែក ឧស្ម័នធម្មជាតិរាវ និងផលិតផលកសិកម្មដ៏សំខាន់ ពន្ធ ១៥% នឹងគំរាមកំហែងដល់គុណសម្បត្តិប្រកួតប្រជែងនៃទំនិញអូស្ត្រាលីនៅក្នុងទីផ្សារអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Farrell បានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី កំពុងធ្វើការជាមួយស្ថានទូតរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយតម្លៃការខូចខាត ហើយនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការឆ្លើយតបវិញ៕​