ហេតុអ្វីបានជាមហាសេដ្ឋីកំពូលៗរបស់អាមេរិក ព្រមទទួលយកប្រាក់ខែពីក្រុមហ៊ុនតែ ១ដុល្លារ?

អន្តរជាតិ

យោងតាមសាស្រ្តាអាមេរិកម្នាក់ បានចង្អុលបង្ហាញឲ្យដឹងថា ការព្រមទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារ និងការដាក់បញ្ចាំភាគហ៊ុន បានជួយឲ្យមហាសេដ្ឋីកំពូលៗជាច្រើន អាចបង្កើនចំនួនទ្រព្យសម្បត្តិរបស់ពួកគេ មានលុយសម្រាប់ការចំណាយច្រើន ប៉ុន្តែបង់ពន្ធក្នុងចំនួនតិចតួចប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងក្នុងចំណោមនោះគឺលោក Mark Zuckerberg ដែលបច្ចុប្បន្នគឺជាអ្នកមានបំផុតទី៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥ពាន់លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០២៤ លោកគឺជាបុគ្គលិកដែលមានប្រាក់ខែទាបជាងគេបំផុតនៅក្នុងក្រុមហ៊ុន Meta ដោយអាចរកចំណូលបានត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។

ក្រៅតែពីនាយកប្រតិបត្តិរបស់ Facebook រូបនេះ នៅមានមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើនទៀត ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk , នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោក Larry Ellison និងសហស្ថាបនិក Google លោក Sergey Brin ក៏ចូលចិត្តក្នុងការទទួលយកប្រាក់ទាបបំផុត ផងដែរ។

យ៉ាងណាមិញ បើតាមលោកស្រី Ray Madoff សាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Boston បាននិយាយថា ចំពោះហេតុផលចម្បង គឺពន្ធ។ នៅក្នុងសហរដ្ឋអាមេរិក កម្មករត្រូវបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្សរ៍។ អ្នកធ្វើការងារឯករាជ្យដែលមានប្រាក់ចំណូល ៦០ ០០០ដុល្លារ អាចត្រូវបង់ពន្ធលើប្រាក់ចំណូល និងប្រាក់បៀវត្សរ៍ច្រើនជាង ១ ៣០០០ដុល្លារ។ ទន្ទឹមនឹងនេះ អ្នករកប្រាក់ចំណូលខ្ពស់ដែលមានប្រាក់ខែ ៤សែនដុល្លារត្រូវបង់ប្រហែល ៣០% នៃប្រាក់ចំណូលរបស់ពួកគេ នៅក្នុងពន្ធទាំងពីរនេះ។

លោកស្រី បានសង្កត់ធ្ងន់ទៀតថា ដូច្នេះហើយជំហានដំបូងដើម្បីចៀសវាងពន្ធគឺការទទួលបានប្រាក់ខែទាបបំផុត។ នោះហើយជាអ្វីដែលជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុតតែងតែធ្វើនាពេលបច្ចុប្បន្ននេះ។

ជម្រាបជូនផងដែរថា លោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេលលើលោក មិនតទទួលបានប្រាក់ខែសូម្បីតែមួយសេន នៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០២៤។ ហើយចំណែកឯមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានប្រាក់ខែខ្ពស់បំផុតគឺលោក Warren Buffett ប៉ុន្តែបើបូកប្រាក់ខែ និងប្រាក់រង្វាន់សរុបរបស់លោក មានចំនួនត្រឹមតែ ១សែនដុល្លារក្នុងមួយឆ្នាំ ប៉ុណ្ណោះ៕​