ឯកឧត្តម វង្សី វិស្សុត លើកទឹកចិត្តដល់ពលរដ្ឋឃុំផាត់សណ្តាយ ងាកមកចិញ្ចឹមត្រីបន្ថែម ក្រៅពីប្រកបមុខរបរនេសាទ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំថ្មីៗនេះ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយឱ្យងាកមកចិញ្ចឹមត្រីដែលជាមុខរបរបន្ថែមថ្មី ហើយក្រុមការងារ និងអាជ្ញាធរខេត្តនឹងជួយរៀបចំផែនការអភិវឌ្ឍការចិញ្ចឹមត្រីនៅឃុំផាត់សណ្ដាយ ដោយរួមទាំងការដាំបន្លែ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងារនឹងជួយរៀបចំផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ផាត់សណ្តាយ ដើម្បីទាក់ទាញភៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាឃុំផាត់សណ្តាយឱ្យបានច្រើន ដើម្បីបង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែម ព្រោះការប្រកបមុខរបរនេសាទត្រីតែមួយមិនអាចជួយធ្វើឱ្យបងប្អូនមានជីវភាពកាន់តែធូរធារបានទេ។

ឯកឧត្តមមានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេល ២ឆ្នាំមកនេះក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំបានខិតខំប្រឹងប្រែង ដោយទឹកចិត្តបរិសុទ្ធនិងស្មោះត្រង់ និងតែងបានភ្ជាប់ការគិតគូរអំពីជីវភាពរបស់ប្រជាជន សេដ្ឋកិច្ច មុខរបរ និងប្រាក់ចំណូលរបស់ប្រជាជនខេត្តកំពង់ធំ ដោយរួមទាំងឃុំផាត់សណ្តាយរបស់ផងដែរ ក្នុងគោលដៅ៖ (១)-លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និង (២)- ប្រែក្លាយខេត្តកំពង់ធំទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសចង់ឃើញសន្ទុះនៃកំណើនគាំទ្រ និងការជឿជាក់របស់បងប្អូន តាមរយៈការខិតខំ ការធ្វើអំពើល្អ និងលទ្ធផលការងារជាក់ស្តែង ដែលមានផលជះទៅលើជីវភាព និងការរស់នៅរបស់បងប្អូន។

យោងតាមឯកឧត្តម វង្សី វិស្សុត ខេត្តកំពង់ធំ មានផ្ទៃដីធំជាងគេនៅកម្ពុជា និងមានប្រជាជនប្រមាណ៧៣% ប្រកបរបរកសិកម្ម ហើយអាចនិយាយបានថា គឺមានតែកសិកម្មនេះឯង ដែលអាចធ្វើឱ្យសេដ្ឋកិច្ចខេត្តកំពង់ធំរីកចម្រើន ហើយធ្វើឱ្យបងប្អូនមានជីវភាពធូរធារ មានមុខរបរ និងប្រាក់ចំណូលល្អជាងមុន។ តែវិស័យកសិកម្មនេះ មិនមែនសំដៅតែទៅលើការធ្វើស្រែ ធ្វើចម្ការតែមួយមុខនោះទេ៕