អ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមកាត់ខ្សែបូបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​អញ្ជើញចូលរួមពិធីកាត់ខ្សែបូបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» នៅខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ឆ្នាំ២០២៦ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ រួមជាមួយ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍ចំនួន៦៥ស្តង់ ក្នុងចំណោមស្តង់២២៥ ដែលរួមមានស្តង់ទេសចរណ៍ ស្តង់ពាណិជ្ជកម្ម ស្តង់ឧស្សាហកម្ម ស្តង់អាជ្ញាធរខេត្ត-ក្រុង-ស្រុក សហគមន៍ សមាគម ស្តង់ផលិតផលផលក្នុងស្រុកចម្រុះ ផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Networking) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕