សហភាពអឺរ៉ុប (EU) បានពន្យារពេលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកជាលើកទីពីរ ដោយសារតែមានការព្រួយបារម្ភអំពីអស្ថិរភាព និងសក្តានុពលនៃការកើនឡើងតម្លៃលើទំនិញជាច្រើន ដែលកើតឡើងដោយសារតែការដាក់ចេញពន្ធគយថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំកំពូលមួយរបស់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ សភាអឺរ៉ុប (EP) បានសម្រេចពន្យារពេលការបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី២៤ ខែកុម្ភៈនេះ។
លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុប បាននិយាយថា ពន្ធបណ្ដោះអាសន្ន ១៥% ដែលសហរដ្ឋអាមេរិកហៀបនឹងដាក់ចេញនោះ អាចបណ្តាលឱ្យផលិតផលសហភាពអឺរ៉ុបប្រហែល ៧%-៨% ត្រូវទទួលរងពន្ធខ្ពស់ជាងកម្រិតដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ លើសពីនេះ គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ពី ១៥០ថ្ងៃ នៅពេលដែលពន្ធបណ្ដោះអាសន្ននេះផុតកំណត់នោះទេ។
យ៉ាងណាមិញ សភាអឺរ៉ុបគ្រោងនឹងកោះប្រជុំឡើងវិញនៅថ្ងៃទី៤ ខែមីនា ដើម្បីវាយតម្លៃថាតើសហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានច្បាស់លាស់អំពីស្ថានភាពបច្ចុប្បន្ន និងថាតើខ្លួនបានប្តេជ្ញាគោរពតាមកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីឆ្នាំមុនឬអត់។
ជម្រាបជូនថា នេះជាលើកទីពីរហើយដែលសភាអឺរ៉ុបបានសម្រេចចិត្តពន្យារពេលការបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ កាលពីខែមុន ពួកគេបានបញ្ឈប់វាដើម្បីតវ៉ាប្រឆាំងនឹងបំណងប្រាថ្នារបស់ប្រធានាធិបតី លោក ត្រាំ ក្នុងការកាន់កាប់កោះ Greenland ផងដែរ៕

