យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ចំនួនពលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើង ៥៩% នៅឆ្នាំ២០៣១ ខាងមុខ ដោយជាប់ចំណាត់ថ្នាក់លេខ៤ នៅទូទាំងពិភពលោកទាក់ទងទៅនឹងចំនួនកើនឡើងលឿនបំផុត។

យោងតាមការព្យាករណ៍ថ្មីៗរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថាប្រទេសវៀតណាម មានបុគ្គលចំនួន ១ ២៣៣ នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣០លានដុល្លារ ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១ ៩៦០ នាក់នៅឆ្នាំ២០៣១។
យ៉ាងណាមិញ ឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកថាជាប្រទេសមានចំនួនបុគ្គលមានទ្រព្យសម្បត្តិច្រើន កើនឡើងលឿនជាងគេបំផុត នៅទូទាំងពិភពលោក ជាមួយនឹងងអត្រា ៨២%។ គេរំពឹងថាប្រទេសនេះ និងមានបុគ្គលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣០លានដុល្លារ ចំនួន ៦ ៩៦៦ នាក់ នៅឆ្នាំ២០៣១ បើធៀបទៅនឹងចំនួន ៣ ៨៣៣ នាក់ ក្នុងពេលបច្ចុប្បន្ន។
គួរជម្រាបជូនផងដែរថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប៉ូឡូញ ស្ថិតនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រៀងៗគ្នា ជាមួយអត្រាកើនឡើង ៦៣% ដោយក្នុងនោះ អារ៉ាប៊ីសាអូឌីត នឹងចំនួន ៧ ១៦២ នាក់ ខណៈប៉ូឡូញមានចំនួន ៤ ៩០៦ នាក់ នៅក្នុងឆ្នាំ២០៣១ ខាងមុខ៕

