តម្លៃមាសអន្តរជាតិបានបន្តហក់ឡើងខ្ពស់សារជាថ្មីម្តងទៀតនៅសប្តាហ៍នេះ បន្ទាប់ពីស្ថានភាពពាណិជ្ជកម្មអន្តរជាតិ ហាក់កំពុងមានភាពរង្គោះរង្គើសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយមួយកាលពីថ្ងៃទី២៣ ខែកុម្ភៈ តម្លៃមាសសកលបានកើនឡើង ១២១ដុល្លារភ្លាមៗ ដល់ចំនួនសរុប ៥ ២២៧ដុល្លារក្នុងមួយអោន។ ហើយនៅក្នុងវគ្គជួញដូរគិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ តម្លៃមាសបានបន្តកើនឡើងដល់ ៥ ២៥០ដុល្លារ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៣០ ខែមករាមក។
ទីផ្សារមាសកំពុងមានកើនឡើង ដោយសារតែតម្រូវការសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ចំពេលកំពុងមានភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូលដែលបដិសេធពន្ធនាំចូលជាច្រើន ហើយប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រតិកម្មភ្លាមៗដោយការដាក់ពន្ធថ្មី។
មិនតែប៉ុណ្ណោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី២៣ ខែកុម្ភៈ លោក ត្រាំ បានបន្តរិះគន់សេចក្តីសម្រេចរបស់តុលាការ និងបានព្រមានអំពីការដំឡើងពន្ធបន្ថែមទៀត៕

