អេស្ប៉ាញ រក្សាជំហរប្រឆាំងទៅនឹងការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ តាមការស្នើរបស់ណាតូ

អន្តរជាតិ

អេស្ប៉ាញ ​បានធ្វើការ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​សំណើ​សម្រាប់​រដ្ឋ​សមាជិក​ណាតូ​ក្នុង​ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យការពារជាតិ​ដល់ ៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ខ្លួន ​មុន​ពេលមាន​កិច្ចប្រជុំ​កំពូល​របស់​សម្ព័ន្ធមិត្ត​នៅ​សប្តាហ៍​នេះ​ នៅក្នុង​រដ្ឋធានី​អង់ការ៉ា ​ប្រទេស​ទួរគី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងប្រភពពី​រដ្ឋាភិបាល ​បាន​និយាយ​កាលពី​ថ្ងៃទី៦ ខែកក្កដា​ថា នាយករដ្ឋមន្ត្រី លោក Pedro Sanchez នឹង​ប្រើប្រាស់​កិច្ចប្រជុំ​នេះ​ដើម្បី​បញ្ជាក់​ឡើងវិញ​ពី​ជំហរ​របស់​អេស្ប៉ាញ​ដើម្បីជា​ការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី​អគ្គលេខាធិការ​ណាតូ លោក Mark Rutte និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​សម្ព័ន្ធមិត្ត​ដើម្បី​អនុម័ត​គោលដៅ​ចំណាយដ៏ខ្ពស់នៅក្នុងវិស័យការពារជាតិ។

អេស្ប៉ាញ​ អះអាង​ទៀតថា ការប្តេជ្ញាចិត្ត​ទូទៅ​ក្នុង​ការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ​នឹងមិនផ្តល់ប្រសិទ្ធភាពដូចគ្នា​ទៅ​នឹង​ការរក្សា​ស្ថានភាព​សុខុមាលភាពផ្ទាល់ខ្លួន និង​ធានា​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​ចីរភាព​របស់ប្រទេសជាសមាជិកនីមួយៗ នោះឡើយ។

មិនតែប៉ុណ្ណោះ លោក Pedro Sanchez បានបង្ហាញថា អេស្ប៉ាញ​បាន​បង្កើន​ថវិកា​ការពារជាតិ​របស់ខ្លួន​យ៉ាង​ច្រើន​រួច​ទៅ​ហើយ ដោយ​បាន​បង្កើន​ការវិនិយោគ​យោធា​បីដង​គិតចាប់តាំងពី​ឆ្នាំ២០១៨ មក ដើម្បី​ឈានដល់​ស្តង់ដារ​បច្ចុប្បន្ន​របស់​អង្គការណាតូ​ចំនួន ២% នៃ GDP ។

ជម្រាបជូនថា ប្រទេសអេស្ប៉ាញជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងចំណោមសមាជិកទាំង ៣២របស់ណាតូទាក់ទងនឹងសមត្ថភាពយោធា និងជាប់លេខបីក្នុងចំណោមចំនួនកងទ័ពដែលត្រូវបានដាក់ពង្រាយក្នុងបេសកកម្មរក្សាសន្តិភាព និងទីមួយក្នុងការរួមចំណែកបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងកើតរបស់អង្គការណាតូ ផងដែរ៕​