លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានបានឱ្យដឹងថា មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើនជាលំដាប់ ដោយគិតក្នុងឆ្នាំ២០២៥មានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះនៅក្នុងបិទសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ លោក ហែម វណ្ណឌី ក៏បានលើកឡើងពីមូលដ្ឋានឧស្សាហកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងបន្តរីកចម្រើនជាលំដាប់។ ក្នុងនោះ មានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះស្ត្រីជាង ៧១ ភាគរយ។

សម្រាប់ឆ្នាំ២០២៦ លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។
បើតាម លោក ហែម វណ្ណឌី ធ្លាប់បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធ្ងន់ចំនួន ៣,០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤) ដែលបង្កើតជាមូលដ្ឋានពិពិធកម្មឧស្សាហកម្មកាន់តែចម្រុះ គ្របដណ្តប់លើវិស័យសម្លៀកបំពាក់ ស្បែកជើង កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មគាំទ្រ សម្ភារសំណង់ និងកម្មន្តសាលដែលជំរុញដោយបច្ចេកវិទ្យាថ្មីៗ៕

