សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកអគ្គរាជទូត មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុង្គឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

សម្តេចរដ្ឋសភា បន្ថែមថា ឯកអគ្គរាជទូតត្រូវធ្វើការដោយភាពទន់ភ្លន់ តែម៉ឹងម៉ាត់ ហ្មត់ចត់ និងត្រូវតម្កល់ផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិជាធំ។
មានប្រសាសន៍ក្នុងជំនួបជាមួយអគ្គរាជទូតកម្ពុជាចំនួនបួនរូប ដែលទើបទទួលបានការតែងតាំងឱ្យទៅបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៦ ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ជាមន្រ្តីការទូត ជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំ។ ដូចនេះ ត្រូវក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រហ័ស និងត្រូវមានការវិភាគស៊ីជម្រៅ ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។

សម្តេចបន្តថា ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន ជាដើម។ ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលរបស់ពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងត្រូវផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។

សូមបញ្ជាក់ថា ឯកអគ្គរាជទូតទាំងបួនរូបដែលទើបតែងតំាង បានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានាឱកាសនេះរួមមាន ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូត ប្រចាំរដ្ឋកូវ៉ែត និងឯកឧត្តម ផូ សំអាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋគុយបា៕


