កម្ពុជា-ជប៉ុន បើកកិច្ចប្រជុំរួមគ្នា ដើម្បីរកដំណោះស្រាយបញ្ហាប្រឈម និងជំរុញការពារអ្នកវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ សំដៅឈានទៅរកដំណោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនជប៉ុន សំដៅឈានទៅជំរុញការពារវិនិយោគិនឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា សរុបប្រមាណ២០០រូប។

នាឱកាសនោះ លោកអគ្គលេខាធិការបានសម្ដែងនូវការស្វាគមន៍វត្តមានរបស់អគ្គរដ្ឋទូត, តំណាងក្រសួង-ស្ថាប័ន, សមាគម, អង្គការ, និងផ្នែកឯកជនជប៉ុនទាំងអស់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។ លោកថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាពិសេស ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែលបានខិតខំកៀរគរ និងជំរុញការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាជាបន្តបន្ទាប់។

លោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា បញ្ហាដែលបានលើកឡើងតាមរយៈកិច្ចប្រជុំនេះ នឹងត្រូវបានពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវបរិយាកាសល្អប្រសើរសម្រាប់ថែទាំវិនិយោគជប៉ុនដែលមានស្រាប់ ជំរុញលើកទឹកចិត្តឱ្យមានការពង្រីកការវិនិយោគ និងឈានទៅដល់ការទាក់ទាញវិនិយោគថ្មីមកពីជប៉ុន ក្នុងគោលបំណងធ្វើពិពិធកម្មទាំងប្រភពទុន និងឧស្សាហកម្ម។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់វិនិយោគិន។ លើសពីនេះ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារសំខាន់ៗរួមមាន៖ ១. ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដែលការណ៍នេះបានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់វិនិយោគិន និង ២. ការដោះស្រាយបញ្ហាតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់មធ្យោបាយការទូត ដែលជាកត្តាគន្លឹះក្នុងការស្តារ និងលើកកម្ពស់បរិយាកាសវិនិយោគ និងភស្តុភារកម្មឱ្យមានភាពល្អប្រសើរឡើងវិញ។

សូមជម្រាបដែរថា ប្រធានបទដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣១រវាងកម្ពុជា-ជប៉ុន ខាងលើនេះ មានវិសាលភាពគ្របដណ្តប់លើការងារសំខាន់ៗជាច្រើន រួមមាន៖ វិស័យសារពើពន្ធ, បរិស្ថាន, ពាណិជ្ជកម្ម, ភស្ដុភារកម្ម, ថាមពល និងសន្តិសុខសាធារណៈ៕ អត្ថបទ៖ ហ្សាលីន