ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ឆ្នាំង និងកម្មវិធីស្បៀងអាហារ ពិភពលោក (WFP) បានរៀបចំដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយ ប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។


ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលា រៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមិទ្ធផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្តកម្មវិធីនេះដែលរួមចំណែកដល់ការកសាង មូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សា។

ក្នុងដំណើរទស្សនកិច្ចនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់ទស្សនា ការរៀបចំ ចម្អិន និងការហូបអាហាររបស់សិស្សានុសិស្ស, ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ សហគមន៍ ចុងភៅ អ្នកផ្គត់ផ្គង់ស្បៀង អាណាព្យាបាលសិស្ស និង សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍផងដែរ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាតិជំនួយសង្គមដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចនិងសមធម៌នៅក្នុងសហគមន៍ផងដែរ។ កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និងការផលិតអាហារដោយខ្លួនឯង ដែលចូលរួមបង្កើន បំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើនសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍។
បន្ថែមលើនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែ ជុំវិញសាលារៀន ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ។ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវ និងលើក ទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួន មិនមែនសម្រាប់តែអនាគតផ្ទាល់ ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតមូលដ្ឋានមួយសម្រាប់អភិវឌ្ឍគ្រួសារ និងសង្គមជាតិទាំងមូល ដើម្បី ក្លាយជាកម្លាំងរឹងមាំ ឈានទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបជូនថា កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩មក ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនការចូលរៀននៅតំបន់ជនបទ តំបន់ មានអត្រាភាពក្រីក្រខ្ពស់ និងងាយរងគ្រោះខ្លាំង។ គិតត្រឹម ឆ្នាំ២០២៥ កម្មវិធីនេះ បានគ្របដណ្តប់សាលាបឋមសិក្សាគោលដៅសរុប ១ ១១៤ សាលា ក្នុងខេត្តចំនួន ១០ ដែលមានសិស្សទទួលផលប្រមាណ ៣០០ ០០០នាក់ ដែលក្នុងនោះ សាលាចំនួន ៨១៦ និងសិស្សទទួលផលចំនួន ២៣២ ០០០នាក់ បាននិងកំពុងអនុវត្តដោយប្រើ ប្រាស់ថវិកាជាតិ ខណៈសាលាចំនួន ២៩៨ បាននិងកំពុងអនុវត្តក្រោមការគ្រប់គ្រងដោយកម្មវិធី ស្បៀងអាហារពិភពលោក៕




