រដ្ឋញូវយ៉ក ទាមទារឲ្យរដ្ឋបាលរបស់លោក ត្រាំ សងលុយពន្ធគយជាង ១៣ពាន់លានដុល្លារ

អន្តរជាតិ

អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul កាលពីថ្ងៃ២៤ ខែកុម្ភៈ បានអំពាវនាវឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ សងលុយពន្ធចំនួន ១៣,៥ពាន់លានដុល្លារ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធដ៏ច្រើនលើសលប់របស់ប្រធានាធិបតីរូបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីឆ្នាំមុន បន្ទាប់ពីវិលត្រឡប់មកសេតវិមានវិញ លោក ត្រាំ បានដាក់ពន្ធផ្សេងៗគ្នាលើប្រទេសភាគច្រើន ទូទាំងពិភពលោក។ ជុំវិញចលនានេះ បានធ្វើឲ្យរដ្ឋបាលរបស់លោក ត្រាំ ប្រឈមមុខទៅនឹងបញ្ហាផ្នែកច្បាប់ពីអាជីវកម្ម និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ លោកស្រី Hochul បាននិយាយថា ពន្ធទាំងនោះបានធ្វើឲ្យគ្រួសារនៅញូវយ៉កជាមធ្យមត្រូវចំណាយប្រាក់បន្ថែមប្រមាណ ១ ៧៥១ដុល្លារក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ និងបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចជាច្រើនរបស់រដ្ឋផងដែរ។

គួរឲ្យដឹងផងដែរថា លោកស្រី Hochul បានចូលរួមជាមួយអភិបាលរដ្ឋធំៗផ្សេងទៀត ដូចជាអភិបាលរដ្ឋ Illinois លោក JB Pritzker និងអភិបាលរដ្ឋ California លោក Gavin Newsom ដែលបានអំពាវនាវឲ្យប្រធានាធិបតីរបស់បក្សសាធារណរដ្ឋចេញប្រាក់សងវិញបន្ទាប់ពីការសម្រេចរបស់តុលាការកំពូល ក្នុងការលុបចោលពន្ធគយជាច្រើនរបស់លោក ត្រាំ កាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនេះ​យោងតាមអ្នកសេដ្ឋកិច្ចប្រចាំនៅស្ថាប័ន Wharton Budget Model បានប៉ាន់ប្រមាណថា ការប្រមូលពន្ធរបស់សហរដ្ឋអាមេរិកជាង ១៧៥ពាន់លានដុល្លារ អាចនឹងត្រូវសងត្រលប់ទៅវិញ ក្រោយការសម្រេចរបស់តុលាការកំពូល៕​