ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន០២ ក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ចាម នឹងក្លាយជាចលករក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន ០២ ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នឹងក្លាយជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់ និងជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម របស់ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សហគ្រាសចំនួន២ទីតាំងនោះ រួមមាន៖

១. សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់។

២. ឃ្លាំងប្រមូលទិញរបស់លោក ងួន វណ្ណៈ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។

លោក កៅ ថាច បានឱ្យដឹងថា គោលបំណងនៃបេសកកម្មចុះពិនិត្យរបស់លោកនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ជាមួយគ្នានេះក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការគាំទ្រផ្នែកហិរញ្ញប្បទាន និងបច្ចេកទេស ដល់តួអង្គពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជា “អធិរាជស្វាយចន្ទី” និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងផងដែរ៕