សមាគមមគ្គុទេសក៍ទេសចរណ៍កម្ពុជា បានលើកឡើងថា ទោះមានបញ្ហាជម្លោះព្រំដែន តែសេវាកម្មវិស័យទេសចរណ៍មិនមានផលប៉ះពាល់ឡើយ ខណៈកម្ពុជា បានទាញចំណូលពីភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ ចំនួន ២ ៣២៧ ១៨៦ដុល្លារ។ នេះបើតាមប្រសាសន៍របស់លោក ជ្រុន គឹមសេង ប្រធានសមាគមទេសមគ្គុទេសក៍ទេសចរណ៍កម្ពុជា កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោកបានបញ្ជាក់ថា ទោះមកដល់បច្ចុប្បន្នបញ្ហាជម្លោះព្រំដែននៅមិនទាន់បញ្ចប់ តែកត្តានេះមិនមានផលប៉ះពាល់ឡើយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាពិសេសសេវាកម្មវិស័យទេសចរណ៍ ខណៈភ្ញៀវទេសចរបរទេសពួកគាត់ជឿជាក់ពីសុវត្ថិភាពនៅកម្ពុជា។
លោក ជ្រុន គឹមសេង បច្ចុប្បន្នវិស័យសេវាកម្មទេសចរណ៍នៅក្នុងខេត្ដសៀមរាប បានដំណើរការជាធម្មតា បម្រើដល់អ្នកទេសចរជាតិ និងអន្ដរជាតិ។ ភ្ញៀវទេសចរអន្ដរជាតិមកកម្ពុជា ភាគច្រើនគឺមកទស្សនាប្រាសាទអង្គរវត្ត ដែលពួកគាត់ឆ្លងដែនចេញពីប្រទេសថៃ ចូលតាមប្រទេសឡាវ និងវៀតណាម រួចហើយមកដល់ប្រទេសកម្ពុជា។ ជាទូទៅភ្ញៀវទេសចរណ៍ បង្ហាញភាពជឿជាក់លើប្រមុខដឹកនាំកម្ពុជា។

សូមជម្រាបថា បើតាមរបាយការណ៍គ្រឹះស្ថានអង្គរ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ននេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ ចំនួន ៥១ ០៩៨នាក់ ផ្ដល់ចំណូលថវិកា ២ ៣២៧ ១៨៦ដុល្លារ។ អ្នកទេសចរនៅលំដាប់លេខ១ គឺភ្ញៀវទេសចរចិន រួមនឹងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង៕ អត្ថបទ៖ ហ្សាលីន


