អបអរសាទរការធ្វើដំណើរជិះស៊ីក្លូ ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ “ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា” មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានសហការជាមួយសមាគមន៍ស៊ីក្លូកម្ពុជា ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ធ្វើដំណើរដោយជិះស៊ីក្លូចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងស្ទឹងត្រែង ដែលមានចម្ងាយជាង ៣៦០គីឡូម៉ែត្រ។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍ធ្វើដំណើរដោយជិះស៊ីក្លូចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងស្ទឹងត្រែង ដែលមានចម្ងាយជាង ៣៦០គីឡូម៉ែត្រ ប្រើរយៈពេលវេលា ៦ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមផ្លូវលេខ៧ ឆ្លងកាត់ក្រុងកំពង់ចាម ក្រុងសួង ទីរួមស្រុកតំបែរ និងឆ្លងកាត់ស្រុកឆ្លូង បន្តមកក្រុងក្រចេះ និងចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង។
ព្រឹត្តិការណ៍នេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ “ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា” ដំណើរព្យុហយាត្រាទេសចរណ៍ ចម្ងាយ៣,៥០០ម៉ែត្រ បង្ហាញសម្រស់ក្រុងស្ទឹងត្រែង និងអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្ហើបឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងចាប់ផ្តើមឡើងដោយមានការហែក្បួនព្យុហយាត្រាទេសចរណ៍ចម្ងាយ ៣,៥០០ ម៉ែត្រ ដើម្បីបង្ហាញសម្រស់ក្រុងស្ទឹងត្រែង និងអបអរសាទរទិវាជាតិទីក្រុងស្អាត។ អ្វីដែលកាន់តែពិសេសនោះ ភ្ញៀវទេសចរនឹងមានឱកាសធ្វើដំណើរទៅកាន់តំបន់ដីសើមមេគង្គលើដ៏កម្រ និងសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយសែនជ័យ រួមទាំងការសម្រាកបោះតង់ស្នាក់នៅលើកោះទន្សាយ ដែលជាបទពិសោធន៍ថ្មីប្លែកសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងការផ្សងព្រេង។
ដំណើរផ្សងព្រេងតាមស៊ីក្លូនេះ នឹងត្រូវប្រើរយៈពេល ៦ ថ្ងៃ ដោយចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ពីមុខវិមានឯករាជ្យ កាត់តាមខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ រហូតមកដល់ទឹកដីក្រុងស្ទឹងត្រែងនៅថ្ងៃទី៦ ខែមីនា ដើម្បីត្រៀមចូលរួមអបអរសាទរពិធីបើកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា វេលាម៉ោង ៦:៣០ នាទីព្រឹក នៅទីលានតេជោធិបតី។
លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង មានការរំពឹងថានឹងមានអ្នកចូលរួមលើសពី ១ ម៉ឺននាក់ ដែលនេះមិនត្រឹមតែជាការផ្សព្វផ្សាយតំបន់កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមោទនភាព និងការស្រឡាញ់ជាតិមាតុភូមិ តាមរយៈការជំរុញឱ្យប្រជាជនខ្មែរស្គាល់ពីទឹកដីខ្លួនឯងឱ្យកាន់តែច្បាស់៕

