លោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ប្តេជ្ញា ខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រិក ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកស្រីថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រី Magadalini Nicolaou បានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកស្រីថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នាហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកស្រីចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកស្រីបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកសី ជាពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។
សម្ដេចតេជោក៏ទទួលស្គាល់ថាថ្វីត្បិតប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិកគេអាចចាត់ទុកថាជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន។
តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកស្រីនឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាសក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំជាពិសេស សម្ដេចតេជោសង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ហ្សាលីន


