នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចការងារនៅប្រទេសស្វីស និងប្រទេសបែលហ្ស៊ិក។

ក្នុងដំណើរបេសកកម្មការទូតរបស់សម្តេចធិបតី បានធ្វើឱ្យសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងក៏យល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។

ស្របពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពជាលើកដំបូង សម្តេចធិបតី បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ក៏បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម អនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាម៉េរិក។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ និងពីតំណាងស្ថាប័នអន្តរជាតិ នៃក្រុមប្រឹក្សាអាត្លង់ទិកផងដែរ។

ក្រៅពីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជូនសារព័ត៌មានអន្តរជាតិល្បីៗរួមមាន Reuters និង Fox News រួមទាំងទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផងដែរ។
នៅលើទឹកដីអឺរ៉ុប សម្តេចធិបតី ក៏បានទទួលពិភាក្សាការងារជាច្រើនមានដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ អនុប្រធានកាកបាទក្រហមអន្តរជាតិ អនុប្រធានគណៈកម្មការអឺរ៉ុប អនុប្រធានសភាអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក និងជំនួបពិភាក្សាក្រៅផ្លូវការជាមួយប្រធានាធិបតីទីម័រឡេស្តេ ជាដើម៕











