សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីប្រែក្លាយទីក្រុង ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ។

នេះបើយោងតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងសារលិខិតនោះ សម្តេចធិបតី បានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និង បដិសណ្ឋារកិច្ចល្អ។
ក្នុងន័យនេះ សម្តេចក៏បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងការអនុវត្តស្តង់ដានានាដែលបានដាក់ចេញ កន្លងមក ដែលនឹងចូលរួមយ៉ាងសំខាន់ដល់ការប្រែក្លាយទីក្រុង ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំថែរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យស្របតាមទស្សនាទាន «ទីក្រុងស្អាត: ទីក្រុងប្រកបដោយ សុខសុវត្ថិភាពល្អ» និង «ទីក្រុងស្អាត: ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ»៕ អត្ថបទ៖ ហ្សាលីន

