ជប៉ុន ប្រកាសក្តែងៗបន្តគាំទ្រកម្ពុជាអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន ប្រកាសបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើតាមជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី២៣ ខែមេសានេះ ធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ្វូមីអូ គីស៉ីដា គូសបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនឡើង ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។

ថ្លែងក្នុងជំនួបនោះដដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអភិវឌ្ឍ កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញការនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

លើសពីនេះ សម្តេចតេជោក៏បង្ហាញក្តីសង្ឃឹមផងដែរថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចបន្ថែមថា កម្ពុជានឹងបន្តធ្វើការងារលើវិស័យការពារជាតិ ជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ ក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

កំពង់ផែទឹកជ្រៅនេះក៏អាចផ្តល់លទ្ធភាពក្នុងការចតកប៉ាល់ធំៗងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឲ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕