ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ប្រកាសគ្រោងសាងសង់ពហុកីឡដ្ឋានផ្ទាល់ខ្លួន ក្លិប Khmer United នៅឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីត្រៀមខ្លួនចូលលេងលីគបាល់ទាត់លំដាប់ទី២កម្ពុជា នៅឆ្នាំ២០២៩។

តាមរយៈបណ្តាញសង្គម លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា Khmer United FC ត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១១ ដោយក្រុមអ្នកភូមិ ក្នុងសង្កាត់កាកាប ដែលចូលចិត្តបាល់ទាត់។ Khmer United FC មិនធ្លាប់មានកីឡាករល្អៗគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងពានរង្វាន់កំរិតពាក់កណ្តាលអាជីពទេ។
លោកឧកញ៉ាបណ្ឌិត បន្តថា Khmer United FC បានឈ្នះជើងឯក KW Cambodia League 2022 ជាលើកទីមួយក្នុងឆ្នាំ២០២២ បន្ទាប់មកឈ្នះម្តងទៀតក្នុងឆ្នាំ២០២៣ បានឈ្នះពានរង្វាន់ Soccer League 2024 និងបានឈ្នះ Vimean Samnang League 2024។ Khmer United FC បានឈ្នះពានជាច្រើនក្នុងឆ្នាំ២០២២ ដល់ ២០២៤ ដោយសារក្លិបបានខ្ចីកីឡាករល្អៗពីក្រុមផ្សេងៗគ្នាជាច្រើនមកលេង តែបរាជ័យក្នុងឆ្នាំ២០២៥ បានធ្វើឱ្យកីឡាករទាំងនោះត្រូវត្រលប់ទៅក្លិបដើមរបស់ពួកគេវិញ។
យ៉ាងណាក្តី ឧកញ៉ាបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា Khmer United FC មានផែនការច្បាស់លាស់មួយ ក្នុងការធ្វើ ពហុកីឡដ្ឋានផ្ទាល់ខ្លួន ក្នុងឆ្នាំ២០២៨, ចូលលេងពានលីគលំដាប់ទីពីរកម្ពុជា ក្នុងឆ្នាំ២០២៩ ឬ ២០៣០ និងលីគកំពូលកម្ពុជា ក្នុងឆ្នាំ២០៣២ ឬ ២០៣៣ តែវាអាស្រ័យលើសន្ទុះនៃ អាជីវកម្មពិតប្រាកដរបស់លោកឧកញ៉ា ដែលជាប្រធានក្លិប នៅចន្លោះឆ្នាំ២០២៦ ដល់ ២០២៨។
លោកឧកញ៉ាបណ្ឌិត បានបន្ថែមដូច្នេះថា៖ “Khmer United FC អាចដើរយឹត ដើរយូរ ដើរតែឯង ដើរមានគ្នាតិច និងគ្នាច្រើន តែពួកយើងនឹងមិនដើរថយក្រោយទេ! Khmer United FC នឹងក្លាយទៅក្លិបបាល់ទាត់ ដែលរឹងមាំ និងមានប្រជាប្រិយភាពមួយរបស់កម្ពុជា ក្នុងថ្ងៃអនាគត”។
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕




