សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមទិវាបុណ្យឯករាជ្យជាតិវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអញ្ជើញចូលរួមកម្មវិធីខាងលើ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ខណៈកម្មវិធីនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស, សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។

សូមជម្រាប់ថា ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមាន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី។ ជាមួយនេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀតដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ៕

អត្ថបទ៖ហ្សាលីន