យោងតាមក្រុមអ្នកវិភាគ និងវិនិយោគិន កំពុងមានការព្យាករមួយថា តម្លៃមាសអន្តរជាតិអាចនឹងកើនឡើងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារទៅលើអ៊ិរ៉ង់ ដែលអាចឈានដល់ ៥ ៥០០ដុល្លារ ក្នុងមួយអោន។

នៅសប្តាហ៍នេះ អ្នកវិភាគប្រចាំនៅទីផ្សារហ៊ុន Wall Street ចំនួន ១៨ នាក់ បានចូលរួមនៅក្នុងការវាស់ស្ទង់មតិអំពីតម្លៃមាសរបស់ Kitco ដោយមានអ្នកជំនាញចំនួន ១២ នាក់ ឬស្មើទៅនឹង ៦៧% រំពឹងថាមាសនឹងកើនឡើងលើស ៥ ៥០០ដុល្លារ ខណៈពេលដែលមានតែ ២ នាក់ប៉ុណ្ណោះ ឬស្មើទៅនឹង ១១% ដែលគិតថាមាសនឹងធ្លាក់ចុះ ហើយអ្នកដែលនៅសល់ចំនួន ៤ នាក់ ឬស្មើ ២២% ជឿថាហានិភ័យនឹងត្រលប់មកមានតុល្យភាពវិញ នៅក្នុងរយៈពេលខ្លី។
គួរឲ្យដឹងផងដែរថា នៅពេលបិទការជួញដូរចុងក្រោយកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាសបានកើនលើង ៩៤ដុល្លារភ្លាមៗ ដល់ ៥ ២៧៨ដុល្លារក្នុងមួយអោន។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាមក។ ហើយគិតមកទល់នឹងពេលនេះ តម្លៃមាសបន្តកើនឡើងដល់ប្រមាណ ៥ ៣៥៨ដុល្លារក្នុងមួយអោន។
ទន្ទឹមនឹងនេះ យោងតាមលោក Sean Lusk សហនាយកផ្នែកការពារហានិភ័យពាណិជ្ជកម្មនៅ Walsh Trading យល់ស្របថាការកើនឡើងនៃលោហៈដ៏មានតម្លៃថ្មីៗនេះមិនមែនដោយសារតែជម្លោះនៅអ៊ីរ៉ង់តែមួយមុខនោះទេ ប៉ុន្តែទទួលស្គាល់ថាកិច្ចព្រមព្រៀង ឬការបន្ធូរបន្ថយកម្រិតខ្លះជាមួយរបបតេអេរ៉ង់អាចបង្កឲ្យមានការលក់ចេញមាសកាន់តែច្រើនផងដែរ៕

