ច្រកសមុទ្រហ័រមូស(Hormuz) គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុតនៅលើពិភពលោក ដែលស្ថិតនៅចន្លោះប្រទេសអូម៉ង់ និងអ៊ីរ៉ង់ វាភ្ជាប់ពីឈូងសមុទ្រពែរ្សទៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។ ទោះបីជាវាតូចចង្អៀតក៏ដោយ តែវាដើរតួនាទីដ៏សំខាន់ផ្នែកសេដ្ឋកិច្ចចំពោះពិភពលោក។

ហេតុផលចម្បងដែលច្រកសមុទ្រហ័រមូសមានសារៈសំខាន់គឺដោយសារវាមានតួនាទីក្នុងការដឹកជញ្ជូនប្រេងសកល។ ប្រហែល ១/៥ នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ ប្រទេសផលិតប្រេងធំៗដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប់រួម និងកាតា ក៏នាំចេញប្រេងរបស់ពួកគេតាមរយៈផ្លូវមួយនេះដែរ។ ដោយសារតែប្រទេសជាច្រើនពឹងផ្អែកលើប្រេងសម្រាប់ការដឹកជញ្ជូន អគ្គិសនី និងឧស្សាហកម្ម ដូច្នេះការវាយប្រហាររវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៉ឺរ៉ង់ បានបង្កហានិភ័យនៅច្រកសមុទ្រ។
ប្រសិនបើច្រកសមុទ្រហ័រមូសត្រូវបានរងការវាយប្រហារដោយសារតែភាពតានតឹងផ្នែកនយោបាយ ឬជម្លោះយោធា ពីសំណាក់អាម៉េរិក-អ៊ីស្រាអ៊ែល និងអ៉ឺរ៉ង់ នោះតម្លៃប្រេង និងឧស្ម័ននឹងកើនឡើងយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ យោងតាមប្រភពពីវិស័យពាណិជ្ជកម្មបានឱ្យដឹងថា ម្ចាស់នាវាដឹកប្រេង ក្រុមហ៊ុនប្រេងធំៗ និងក្រុមហ៊ុនជួញដូរភាគច្រើន បានផ្អាកការដឹកជញ្ជូនប្រេងឆៅ, ឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ(LNG) តាមរយៈច្រកសមុទ្រ Hormuz រួចទៅហើយ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានព្រមានដល់កប៉ាល់នានាកុំឱ្យធ្វើចរាចរណ៍កាត់តាមផ្លូវទឹកមួយនេះ។
បន្ថែមពីនោះ កាលពីថ្ងៃទី១ ខែមីនាយ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន ៣គ្រឿងបានរងការខូចខាត ហើយនាវិកម្នាក់បានបាត់បង់ជីវិត ខណៈដែលការសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យកប៉ាល់នានាប្រឈមនឹងការខូចខាតដោយប្រយោល។

ខណៈនៅថ្ងៃទី២មីនានេះ តម្លៃប្រេងឆៅ Brent បានហក់ឡើងដល់ចំណុចខ្ពស់បំផុតគឺ ៨២.៣៧ដុល្លារ ក្នុងមួយបារ៉ែល ហើយបានស្ថិតក្នុងតម្លៃ ៧៩.៣៤ដុល្លារ ពោលគឺកើនឡើង ៦.៤៧ដុល្លារ ឬស្មើនឹង ៨.៨៨ភាគរយ។ ចំណែកឯតម្លៃប្រេងឆៅរបស់អាម៉េរិក បានហក់ឡើង ៥.៣៦ដុល្លារ ឬ ៨ភាគរយ ដល់តម្លៃ ៧២.៣៨ដុល្លារ ក្នុងមួយបារ៉ែល។
សរុបមក ច្រកសមុទ្រហ័រមូសដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ ក្នុងនាមជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក វាមានឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃប្រេង ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច៕


