ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភបន្ថែម ៥០០ លានរៀល ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ​ត្រៀមដណ្តើមមេដាយទ្វេដងក្នុងព្រឹត្តិការណ៍ប្រកួតធំៗ ឆ្នាំ ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ស្របពេលដែលទង់ជាតិខ្មែរកាន់តែលេចធ្លោលើឆាកអន្តរជាតិ កីឡាករ-កីឡាការិនីកាន់តែមានសមត្ថភាព អាចដណ្តើមយកជើងឯកពីព្រឹត្តិការណ៍ខ្នាតអន្តរជាតិជាបន្តបន្ទាប់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភបន្ថែម ៥០០ លានរៀល ទៅសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីស្វែងរកគ្រូបង្វឹកពូកែៗ ស្រាវជ្រាវក្បួនខ្នាត យុទ្ធសាស្ត្រក្នុងការហ្វឹកហាត់ផ្សេងៗ ដើម្បីបណ្តុះកីឡាករ-កីឡាការិនី ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីចំនួនប្រាក់ឧបត្ថម្ភភ្លាមៗ ក្នុងពិធីសំណះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប្រដាល់ឃីកបុកស៊ីង ដែលទទួលបានជ័យលាភីក្នុងការប្រកួតជ្រើសរើសជើងឯឝអាស៊ី ឆ្នាំ ២០២៤។

គួររំលឹកផងដែរថា ដំណើរការប្រកួតព្រឹត្តិការណ៍ខ្នាតអន្តរជាតិរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺមានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាលទ្ធផល កម្ពុជា ទទួលបានមេដាយសរុប ៣៩ គ្រឿង រួមមាន៖ មេដាយមាស ៨, ប្រាក់ ៣, និងសំរិទ្ធ ២៨។

ស្របពេលជាមួយគ្នានោះ ខ្មែរ ប៊ែវើរីជីស ទើបតែបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៦ រូបទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអ៊ឺរ៉ុប ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកីឡាករ-កីឡាការិនីចំនួន ៥ រូប ដណ្តើមបានជ័យលាភីត្រឡប់មកមាតុភូមិវិញ។ ជាការលើកទឹកចិត្តដល់ការខិតខំរបស់កីឡាករ-កីឡាការិនីទាំង ៦ រូប ខ្មែរ ប៊ែវើរីជីស បានសម្រេចឧបត្ថម្ភបន្ថែមសរុប ៤៧ លានរៀលដល់កីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។

ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការគ្រប់ព្រឹត្តិកាណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ធ្វើយ៉ាងណាពង្រីកកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងទាញផលប្រយោជន៍ដល់វិស័យពាក់ព័ន្ធផ្សេងៗទៀត ឱ្យបានរីកចម្រើនទន្ទឹមគ្នា។

ខ្មែរ ប៊ែវើរីជីស ជាអ្នកជំរុញកីឡាករកីឡាការនីកម្ពុជាឱ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ