ប្រទេសកាតាបានប្រកាសបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវរបស់ខ្លួន ស្របពេលអ៊ីស្រាអែលក៏បានបិទការផលិតឧស្ម័នជាបណ្តោះអាសន្នផងដែរ នៅពេលដែលអារ៉ាប៊ីសាអូឌីតបានបទិរោងចក្រចម្រាញ់ប្រេងធំជាងគេរបំផុតរបស់ខ្លួន ដោយសារតែជម្លោះអ៊ីរ៉ង់កំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២ ខែមីនា ក្រុមហ៊ុនឧស្ម័នខ្នាតយក្ស QatarEnergy បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផលិតផលិតផលទាក់ទងទៅនឹងឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួនទាំងស្រុង។ ជុំវិញការបិទនេះ រដ្ឋាភិបាលកាតា បានប្រកាសថា រោងចក្រ QatarEnergy មួយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ពីរគ្រឿង ហើយអាជ្ញាធរកំពុងវាយតម្លៃការខូចខាតនេះ។
គួរឲ្យដឹងថា ការផលិតឧស្ម័នធម្មជាតិរាវ (LNG) របស់កាតាគឺស្មើនឹង ២០% នៃការផ្គត់ផ្គង់សកល។ ប្រទេសនេះក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវធំជាងគេទីពីររបស់ពិភពលោកផងងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពតម្រូវការនៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ី។ អតិថិជនអាស៊ីបច្ចុប្បន្នមានចំនួន ៨២% នៃអតិថិជនសរុបរបស់ QatarEnergy។
ទន្ទឹមនឹងនេះ នៅអ៊ីស្រាអែល រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុន Chevron បិទវាលឧស្ម័ន Leviathan ដ៏ធំបំផុតរបស់ខ្លួនជាបណ្តោះអាសន្ន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevron បាននិយាយថា រោងចក្ររបស់ក្រុមហ៊ុននៅតែមានសុវត្ថិភាព។
ដោយឡែក អារ៉ាប៊ីសាអូឌីត ក៏បានប្រកាសបិទរោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ខ្លួនគឺ Ras Tanura (គ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Saudi Aramco) បន្ទាប់ពីវាត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ រោងចក្រនេះ ដែលមានសមត្ថភាពផលិតប្រេងបាន ៥៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។
ជម្រាបជូនថានៅអ៊ីរ៉ង់ មានការផ្ទុះជាច្រើនត្រូវបានគេរាយការណ៍ នៅលើកោះ Kharg ដែលជាកន្លែងកែច្នៃប្រេងនាំចេញ ៩០% របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ វិសាលភាពនៃការខូចខាតដល់រោងចក្រប្រេងនៅទីនោះមិនទាន់ច្បាស់លាស់នៅឡើយទេ។ អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងធំជាងគេទីបីនៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) ដោយផ្គត់ផ្គង់ប្រហែល ៤,៥% នៃការផ្គត់ផ្គង់សកល៕

