ម៉ាឡេស៊ី​ ដាក់គោលដៅសន្សំសំចៃថាមពលប្រើប្រាស់ឲ្យបាន ២១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៥

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បានបង្ហាញកាប្តេជ្ញាចិត្ត ក្នុងការសន្សំទឹកប្រាក់ចំនួន ២១ពាន់លានដុល្លារ លើការចំណាយលើសេវាប្រើប្រាស់ក្រោមគោលនយោបាយ និងផែនការសកម្មភាពប្រសិទ្ធភាពថាមពលជាតិ រយៈពេល ១០ឆ្នាំខាងមុខ ឬហៅថា NEEAP 2.0 ខណៈប្រទេសនេះកំពុងស្វែងរកការទប់ស្កាត់តម្រូវការថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New Straits Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Akmal Nasrullah បាននិយាយថា ផែនការនេះមានគោលបំណងកាត់បន្ថយតម្រូវការថាមពលជាតិចំនួន ១១,៦% ពីការព្យាករអាជីវកម្មធម្មតា និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ចំនួន ២៦,១ លានតោននៅឆ្នាំ២០៣៥។

គួរឲ្យដឹងថា ជុំវិញផែនការនេះ បានកើតឡើងនៅពេលដែលតម្រូវការអគ្គិសនីកំពុងកើនឡើងយ៉ាងខ្លាំង ដែលជំរុញដោយការពង្រីកឧស្សាហកម្ម ការវិនិយោគមជ្ឈមណ្ឌលទិន្នន័យ និងការផ្លាស់ប្តូរទៅជាថាមពលស្អាត។

យ៉ាងណាមិញ ផែនការ NEEAP 2.0 ត្រូវបានបង្កើតឡើងនៅលើផែនការមុន ដែលបានសន្សំអគ្គិសនីបាន ៦០,៨៨៦ GWh ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដែលលើសពីគោលដៅរបស់ខ្លួនចំនួន ៥២,២៣៣ Gwh កាលពីមុន។ ការសន្សំសំចៃនេះក៏បានជួយកាត់បន្ថយការបំភាយឧស្ម័នឧស្ម័នកាបូន ប្រហែល ៣៥,៦ លានតោន និងជួយសង្គ្រោះសេដ្ឋកិច្ចបានប្រហែល ៤ពាន់លានដុល្លារផងដែរ។

មិនតែប៉ុណ្ណោះ លោក Akmal បាននិយាយទៀតថា ការកែលម្អប្រសិទ្ធភាពថាមពល គឺមានសារៈសំខាន់ ខណៈពេលដែលប្រទេសម៉ាឡេស៊ី កំពុងពង្រីកការផ្គត់ផ្គង់ថាមពលស្អាត ដោយបន្ថែមថា ការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពនឹងជំរុញការប្រកួតប្រជែង បន្ធូរបន្ថយសម្ពាធលើបណ្តាញអគ្គិសនី និងធ្វើឱ្យប្រសិទ្ធភាពថាមពលក្លាយជាការអនុវត្តអាជីវកម្មស្តង់ដារ និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ៕​