សេដ្ឋកិច្ចចិនហាក់មានសញ្ញាណវិជ្ជមានឡើងវិញ បន្ទាប់ពីប្រាក់ចំណេញឧស្សាហកម្មមានការកើនឡើង

អន្តរជាតិ

ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិន បានប្រកាសពីប្រាក់ចំណេញសរុបរបស់ខ្លួននៅអំឡុងខែមករា ដល់ខែកុម្ភៈ ខណៈដែលវាជាសញ្ញាណមួយនៃសេដ្ឋកិច្ចដែលកំពុងស្ទុះងើបឡើងវិញ បើទោះបីជាវិស័យអចលនទ្រព្យកំពុងដាំក្បាលចុះជាបន្តបន្ទាប់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៧ ខែមីនា ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា នៅរយៈពេលពីរខែដំបូងឆ្នាំថ្មីនេះ ប្រាក់ចំណេញក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង១០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខុសប្លែកពីប្រាក់ចំណេញពេញមួយឆ្នាំ២០២៣ ដែលធ្លាក់ចុះចំនួន២,៣% ។

លើសពីនោះ ក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋចិន ក៏មានការកើនឡើងប្រាក់ចំណូល០,៥% ខណៈដែលក្រុមហ៊ុនបរទេសមានការកើនឡើង៣១,២% ចំណែកឯក្រុមហ៊ុនឯកជនវិញក៏មានការកើនឡើងដល់ទៅ១២,៧%​ ផងដែរ។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុនឧស្សាហកម្មនៅក្នុងប្រទេសចិនណា ដែលមានប្រាក់ចំណូលអាជីវកម្មយ៉ាងហោចណាស់ ២០លានយន់ (ប្រហែល ២,៨២លានដុល្លារអាមេរិក) ប្រចាំឆ្នាំនោះ បានមើលឃើញនូវប្រាក់ចំណេញរួមគ្នារបស់ពួកគេរហូតដល់ទៅ ៩១៤,០៦ពាន់លានយន់ នារយៈពេលត្រឹមពីរខែដំបូងឆ្នាំថ្មីនេះប៉ុណ្ណោះ៕