គ្រាន់តែការដាច់ចរន្តអគ្គិសនី នាំអោយវៀតណាមខាតប្រាក់ប្រមាណ ១ពាន់លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សេដ្ឋកិច្ចវិទូនៃធនាគារពិភពលោក Dorsati Madani បាននិយាយនៅក្នុងកិច្ចប្រជុំមួយថា ការរំខានដល់ការផលិតថាមពលបានធ្វើអោយវៀតណាមខាតបង់ប្រាក់ប្រមាណ ១,៤ពាន់លានដុល្លារ ឬស្មើនឹង ០,៣%នៃផលិតផលក្នុងស្រុកសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរ ធនាគារពិភពលោកបាននិយាយថា តំបន់ភាគខាងជើងនៃប្រទេសវៀតណាមពឹងផ្អែកយ៉ាងសំខាន់លើប្រភពថាមពលដើរដោយធ្យូងថ្ម និងវារីអគ្គិសនី ក៏ប៉ុន្តែប្រភពទាំងពីរនេះកំពុងខ្វះខាតសម្ភារៈ ដែលនាំអោយពន្យារពេលក្នុងការផលិតចរន្ត និងចែកចាយថាមពល ខណៈដែលសមត្ថភាពក្នុងការចែកចាយនៅមានកម្រឹត បានធ្វើអោយតំបន់ទាំងនេះមិនអាចទទួលបានថាមពលគ្រប់គ្រាន់ឡើយ។

ជាមួយគ្នានោះ តាមរយៈការចុះផ្សាយពីសារព័ត៌មាន VNExpress បានចុះផ្សាយថា បើរាប់ចាប់ពីពាក់កណ្តាលខែឧសភា មកដល់ពាក់កណ្តាលខែមិថុនា វៀតណាមបានជួបនឹងបញ្ហាការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ដែលវាក៏ដោយសារតែតម្រូវការនៃការប្រើប្រាស់ចរន្តអគ្គិសនីមានតម្រូវការខ្ពស់ ចំពេលដែលការផ្គត់ផ្គត់វារីអគ្គិសនីដែលជាប្រភពថាមពលមួយដ៏សំខាន់ហាក់កំពុងមានឱនភាពលើការផលិត ដោយសារតែភាពរាំងស្ងួតក្នុងប្រទេស ដែលបណ្តាលអោយរោងចក្រជាអ្នកផ្គត់ផ្គង់ជាច្រើនបានអាក់ដំណើរការរាប់ម៉ោង ក្នុងមួយសប្តាហ៍ផងដែរ។

ដោយឡែក ធនាគារពិភពលោក ក៏បានស្នើដល់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ រួមមានដូចជាការវិភាគសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មនៃរោងចក្រថាមពលនៅឆ្នាំ ២០២៤ និង ២០២៥ ក៏ដូចជាការវិនិយោគលើប្រព័ន្ធចែកចាយ និងការធ្វើពិពិធកម្មប្រភពថាមពល៕