ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយអាមេរិក Paramount Skydance បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតភាពយន្តហូលីវូដ Warner Bros. Discovery ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ ១១០ពាន់លានដុល្លារ បន្ទាប់ពីបានយកឈ្នះ Netflix ក្នុងសង្គ្រាមដេញថ្លៃធំបំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ មានន័យថា Paramount នឹងក្តោបក្តាប់ទៅលើអង្គភាពជាច្រើនរួមមាន CNN, CBS, HBO និង Nickelodeon ក៏ដូចជាសិទ្ធិផ្តាច់មុខលើខ្សែភាពយន្តហូលីវូដដ៏មានតម្លៃជាច្រើន រួមទាំង Harry Potter, Game of Thrones, DC Universe, Mission Impossible និង SpongeBob SquarePants ជាដើម។
យ៉ាងណាមិញ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ Paramount នឹងបង់ ៣១ដុល្លារក្នុងមួយហ៊ុនជាសាច់ប្រាក់សុទ្ធសម្រាប់ភាគហ៊ុន Warner Bros. ទាំងអស់ដែលនៅសេសសល់ ដែលនោះមានន័យថា Paramount នឹងចំណាយទឹកប្រាក់សរុប ១១០ពាន់លានដុល្លារ ទាំងលើភាគហ៊ុន និងបំណុល។
តំណាងក្រុមហ៊ុនទាំងពីរ បាននិយាយថា ប្រតិបត្តិការនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំងពីរ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅត្រីមាសទីបីនៃឆ្នាំ២០២៦។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងត្រូវបានកើតឡើង នៅពេលដែលក្រុមហ៊ុនស្រ្ទីមភាពយន្តដ៏ល្បីបំផុតរបស់ពិភពលោក Netflix បានសម្រេចចិត្តដកខ្លួនចេញពីការដេញថ្លៃនេះ៕

