អាមេរិក គ្រោងបន្តពន្យារពេលពន្ធគយបន្ថែមទៀតសម្រាប់ប្រទេសមួយចំនួន ដើម្បីចរចា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងងបន្តពន្យាពេលពន្ធគយបន្ថែមទៀត ក្រោយដល់ពេលផុតកំណត់ ៩០ថ្ងៃ ដើម្បីបន្តការចរចាជាមួយប្រទេសនានា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១១ ខែមិថុនា លោកប្រធានាធិបតីអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា លោកមានឆន្ទៈក្នុងការពន្យាពេលកំណត់សម្រាប់ការបញ្ចប់ការចរចាពាណិជ្ជកម្មជាមួយដៃគូសេដ្ឋកិច្ចបស់ខ្លួនបន្ថែមទៀត ខណ:ពេលផុតកំណត់បច្ចុប្បន្ន គឺនៅថ្ងៃទី៩ ខែកក្កដាខាងមុខ។

គួរឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការចរចាជាមួយប្រទេសដៃគូប្រហែល ១៥។ លោក ត្រាំ បាននិយាយថា ក្នុងរយៈពេល ១-២ សប្តាហ៍ខាងមុខ រដ្ឋបាលរបស់លោក នឹងផ្ញើលិខិតដែលស្នើឡើងក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទៅកាន់ប្រទេសជាដៃគូទាំងនោះ ដើម្បីអាចឲ្យពួកគេទទួលយក ឬមួយបដិសេធ។

នៅថ្ងៃដដែលនោះ ក្នុងអំឡុងពេលនិយាយចំពោះមុខសភាតំណាងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា រដ្ឋបាលលោក ត្រាំ នឹងបន្តពន្យារពេលពន្ធគយរយ:ពេល ៩០ថ្ងៃបន្ថែមទៀត ជាមួយប្រទេសដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក ដរាបណាពួកគេបង្ហាញពីសេចក្តីស្មោះត្រង់ ក្នុងការចរចា។

លោក Bessent បានសង្កត់ធ្ងន់ទៀតថា ៖” ប្រសិនបើពួកគេមិនចរចា យើងនឹងមិនបន្តពន្យារពេលនោះទេ។ រដ្ឋបាលកំពុងធ្វើការខ្លាំង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសទាំងនោះ” ។ បច្ចុប្បន្នសហរដ្ឋអាមេរិក មានដៃគូពាណិជ្ជកម្មធំៗ ចំនួន ១៨។

ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ត្រាំ កាលពីខែមេសា បានប្រកាសផ្អាកការយកពន្ធគយរយ:ពេល ៩០ថ្ងៃ ដោយបញ្ចុះអត្រាពន្ធគ្រប់ប្រទេសទាំងអស់មកនៅត្រឹម ១០% ស្មើគ្នា ដើម្បីទុកពេលសម្រាប់ការចរចាបន្ថែម។ ថ្មីៗនេះ សេតវិមានទើបតែបានប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការជាមួយចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសចិន ប៉ុន្តែចំពោះព័ត៌មានលម្អិត មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ៕