អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារលើអ៊ីរ៉ង់នោះទេ

អន្តរជាតិ

ប្រទេសអេស្ប៉ាញបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានប្រើប្រាស់ ហើយក៏មិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នានៅលើទឹកដីរបស់ខ្លួន សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះដែរ។ ប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ដែលជាសកម្មភាពមួយត្រូវបានទីក្រុងម៉ាឌ្រីដថ្កោលទោសយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានប្រកាសកាលពីថ្ងៃទី២ ខែមីនាថា «ផ្អែកលើព័ត៌មានទាំងអស់ មូលដ្ឋានទ័ពទាំងនោះ មិនត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធានេះទេ»។

បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles ក៏បានបញ្ជាក់ដែលថា មូលដ្ឋានទ័ពទាំងនេះ «នឹងមិនផ្តល់ការគាំទ្រ(ដល់ប្រតិបត្តិការនៅមជ្ឈិមបូព៌ា)នោះទេ លើកលែងតែក្នុងករណីចាំបាច់ណាមួយ ដែលពាក់ព័ន្ធនឹងទិដ្ឋភាពមនុស្សធម៌ តែប៉ុណ្ណោះ»។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយលោកចាត់ទុកថាជា «អន្តរាគមយោធាដ៏គ្រោះថ្នាក់» និង «គ្មានភាពត្រឹមត្រូវ» និងនៅក្រៅក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ដែលដើរផ្ទុយពីគោលនយោបាយរបស់សហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត។

គួរជម្រាបជូនថា សហរដ្ឋអាមេរិកបានឈរជើងនៅក្នុងមូលដ្ឋានយោធាទាំងនេះ ក្រោមគោលការណ៍នៃការប្រើប្រាស់រួមគ្នា ប៉ុន្តែមូលដ្ឋានយោធាទាំងនោះ នៅតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសអេស្ប៉ាញដដែល៕