អាមេរិក សម្រេចកាត់បន្ថយពន្ធពាក់ព័ន្ធទៅនឹងគ្រឿងញៀន Fentanyl របស់ចិន មកនៅត្រឹម ១០%

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយថា ពន្ធគយនាំចូលរបស់ចិន ដែលពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន Fentanyl នឹងត្រូវកាត់បន្ថយពាក់កណ្តាល ពីចំនួន ២០% មកនៅត្រឹម ១០% វិញប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៣០ ខែតុលានេះ អំឡុងពេលនៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ​ បន្ទាប់ពីជំនួបជាមួយលោក ស៊ី ជិនពីង នៅខាងក្រៅកិច្ចប្រជុំ APEC ក្នុងប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយថា លោកនឹងកាត់បន្ថយពន្ធនាំចូលលើប្រទេសចិនដែលទាក់ទងទៅនឹង Fentanyl ១០% ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិរូបនេះ បានបង្ហើបឲ្យដឹងទៀតផងដែរថា លោកក៏បានឈានដល់ការចុះកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយប្រទេសចិកន លើបញ្ហាធនធានរ៉ែកម្រ និងរ៉ែសំខាន់ៗ ផងដែរ។

លើសពីនេះ លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានទៀតថា កិច្ចប្រជុំជាមួយលោក ស៊ី គឺល្អខ្លាំងណាស់ ហើយការសម្រេចចិត្តសំខាន់ៗជាច្រើន ត្រូវបានធ្វើឡើង។

លោកក៏បានបន្ថែមទៀតថា ៖”​ទីក្រុងប៉េកាំង នឹងខិតខំទប់ស្កាត់ការហូរចូលនៃថ្នាំញៀន Fentanyl ទៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយក៏នឹងបន្តទិញសណ្តែកសៀង និងផលិតផលកសិកម្មរបស់អាមេរិកផ្សេងទៀតផងដែរ។

ជម្រាបជូនថា កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើនឡើង​វិញ​ បន្ទាប់​ពីមាន​ភាព​ស្ងប់ស្ងាត់​រយៈពេល​ប្រាំមួយ​ខែ។ ហើយនៅ​ថ្ងៃ​ទី៩ ខែ​តុលា ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​កំពុង​រឹតបន្តឹង​ការ​គ្រប់គ្រង​លើ​ការ​នាំចេញ​រ៉ែ​ដ៏​កម្រ​ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ​នេះ ដែល​ជាវត្ថធាតុដើមដ៏សំខាន់​មួយ​ក្នុង​ឧស្សាហកម្ម​ផលិតកម្ម​ជាច្រើន រាប់ចាប់ពី​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​រហូត​ដល់​ឧបករណ៍​យោធា។

បន្ទាប់មក លោក ត្រាំ បាន​ឆ្លើយតប​វិញដោយ​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​នាំចូល ១០០% លើ​ទំនិញ​របស់​ចិន ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែ​វិច្ឆិកា បន្ថែម​ពីលើ​ពន្ធស្រាប់ ស្របពេលប្រទេស​ទាំង​ពីរ​ក៏​មាន​ភាព​តានតឹង​លើ​ការ​ដាក់​អាជីវកម្មគ្នាមួយចំនួនទៅ​ក្នុង​បញ្ជី​ខ្មៅ ការ​ដំឡើង​ថ្លៃ​កំពង់ផែ និង​ការ​កាត់បន្ថយ​ការទិញ​សណ្តែកសៀង ផងដែរ៕​