គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council) បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក្នុងឱកាស លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតចូលជួបពិភាក្សាការងារ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនៃជំនួបនោះ លោក Noel Clehane អនុប្រធាន EU-ABC បានបង្ហាញការចាប់អាម្មរណ៍វិនិយោគក្នុងប្រទេសកម្ពុជា។
លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ EU-ABC ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយក៏បានពិភាក្សាអំពីឱកាសនៃការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតទឹកដោះគោស្រស់ និងវិស័យកែច្នៃកសិផលសម្រាប់ការនាំចេញ។

សូមបញ្ជាក់ថា កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។ ក្នុងន័យនេះ កម្ពុជានៅតែបន្តបើកទ្វារទទួលស្វាគមន៍ដល់បណ្តាអ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម៕



