កម្ពុជា-ជប៉ុន នឹងរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាញរំហូរភ្ញៀវទេសចរ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រចាំកម្ពុជា បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាកទាញរំហូរភ្ញៀវទេសចរទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាស ស្តីពីលទ្ធផលជំនួបជំនួបពិភាក្សាទ្វេភាគីរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់បន្តពង្រឹងនិងពង្រីកនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញរំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។

ជាមួយគ្នានេះ ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពរួមគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។

ជាងនេះទៀត តាមរយៈជំនួបពិភាក្សានោះដែរ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ៕