សហរដ្ឋអាមេរិក នឹងដំឡើងពន្ធនាំចូលបន្ថែមដល់ ១៥% នៅសប្តាហ៍នេះ

អន្តរជាតិ

ពន្ធនាំចូលបណ្ដោះអាសន្ន ១០% បច្ចុប្បន្នដែលសហរដ្ឋអាមេរិក កំពុងអនុវត្តចំពោះដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន នឹងត្រូវបានដំឡើងដល់ ១៥% ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC នៅថ្ងៃទី៤ ខែមីនា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ពន្ធនាំចូលបន្ថែម ១៥% នឹងត្រូវចូលជាធរមាននៅពេលណាមួយក្នុងសប្តាហ៍នេះ។

លោក Bessent ក៏បានព្យាករផងដែរថា នៅខែសីហា ពន្ធនាំចូលរបស់សហរដ្ឋអាមេរិកនឹងវិលត្រឡប់ទៅកម្រិតដែលបានឃើញមុនពេលមានសេចក្តីសម្រេចរបស់តុលាការកំពូល។

គួរឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធគោលនយោបាយពន្ធនាំចូលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ តុលាការបានបញ្ជាក់ថា លោក ត្រាំ បានធ្វើលើសពីសិទ្ធិអំណាចរបស់ខ្លួនក្នុងការដាក់ពន្ធតាមចិត្ត។

យ៉ាងណាមិញ​ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលនេះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដោយដាក់ពន្ធនាំចូលបន្ថែម ១០% នៅថ្ងៃទី២០ ខែកុម្ភៈ។ នៅថ្ងៃបន្ទាប់ លោកបានប្រកាសថា លោកនឹងដំឡើងពន្ធនេះដល់ ១៥%៕​