នៅក្នុងឆ្នាំ២០២៥ ចំនួននៃការចុះបញ្ជីយានយន្ត សរុបមានចំនួន ៥២២ ៤៥៥ គ្រឿង ដោយក្នុងនោះមានរថយន្តធុនស្រាលមានចំនួន ៨៤ ២១៩គ្រឿង រថយន្តធុនធ្ងន់មានចំនួន ៨ ៨៨៣គ្រឿង និងទោចក្រយានយន្តមានចំនួន ៤២៩ ៣៥៣គ្រឿង។
នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្ដីពីការអនុវត្ដផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរបាយការណ៍នេះបានឱ្យដឹងបន្ថែមថា ដោយហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ មានភាពប្រសើរឡើង ទើបធ្វើឱ្យស្ថានភាពចរាចរណ៍ និងចំនួននៃការចុះបញ្ជីពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង។
សូមជម្រាបជូនថា បណ្តាញផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូន និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូនទំនិញសម្រាប់ការធ្វើពាណិជ្ជកម្ម, ផលិតផលកសិកម្ម និងអ្នកដំណើរ។ ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២៥ មានប្រវែង ២០ ៧៣៣,៩១គ.ម. ដែលមានការកើនឡើងប្រមាណជា ៤២៦,៣២គ.ម. បើធៀបទៅនឹងឆ្នាំ២០២៤ មានប្រវែងសរុប ចំនួន ២០ ៣០៧,៦គ.ម.៕




