នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង៥០០០កន្លែង។

នេះបើតាមការឱ្យដឹងពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម (Transforming ASEAN: Innovation, Integration, and Industrial Evolution) កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសថ្លែងសុន្ទរកថា លោក ហួត ហាក់ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅការវិនិយោគជាយុទ្ធសាស្ត្រលើចំណែកទីផ្សារជាច្រើនដូចជារមណីយដ្ឋានបែបនិរន្តរភាព រមណីយដ្ឋានបែបអេកូឡូស៊ី ការអភិរក្សបេតិកភណ្ឌ ថ្នាលសេវាកម្មទេសចរណ៍ឌីជីថល សេវាកម្មដឹកជញ្ជូន និងទេសចរណ៍ជំនួបធុរកិច្ច (MICE)។
លើសពីនេះ លោកក៏បានលើកឡើងពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដ៏ល្អប្រសើរ និងប្រៀបដូចជាទីផ្សារថ្មីដែលកំពុងរះចិញ្ចាំងចិញ្ចាចជាមួយកំណើនភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរថ្ងៃ និងនិយមចំណាយច្រើន កាន់តែកើនឡើងប្រចាំឆ្នាំ។ ដោយនៅក្នុងឆ្នាំ២០២៥ កន្លងមក គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍មានជាង៤៧ គម្រោងជាមួយដើមទុនសរុបជាង៧១០លានដុល្លារអាមេរិក បង្កើតការងារជាង៥.០០០កន្លែង។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគសរុបប្រមាណ ៦៣០គម្រោង ក្នុងទុនសរុប១០ប៊ីលានដុល្លារ។ ក្នុងនោះទុនវិនិយោគតាមវិស័យ ដូចជា វិស័យឧស្សាហកម្មច្រើនជាងគេរហូតដល់ ៥,៦ប៊ីលានដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធ ៣,៨ប៊ីលានដុល្លារ, វិស័យកសិកម្ម និងកសិឧស្សាហកម្មមាន ៤៣៦លានដុល្លារ, ខណៈវិស័យទេសចរណ៍មាន ១៧៥លានដុល្លារ៕

