បងធំ Yakuza ម្នាក់ ត្រូវអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទឃុបឃិតលក់សម្ភារៈនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់

អន្តរជាតិ

លោក Takeshi Ebisawa ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំម្នាក់របស់ក្រុមសង្គមងងិត Yakuza ត្រូវបានតុលាការសហរដ្ឋអាមេរិកកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទឃុបឃិតគ្នារត់ពន្ធគ្រឿងញៀនចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក និងជួញដូរសារធាតុអ៊ុយរ៉ាញ៉ូម និងផ្លាតូញ៉ូមទៅកាន់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក John Eisenberg ជំនួយការអគ្គរដ្ឋអាជ្ញាទទួលបន្ទុកសន្តិសុខជាតិបានបាននិយាយថា៖ “លោក Takeshi Ebisawa ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលលោកបានប្រព្រឹត្ត រួមទាំងការឃុបឃិតគ្នាលក់សម្ភារៈពាក់ព័ន្ធទៅនឹងនុយក្លេអ៊ែរទៅឱ្យអ៊ីរ៉ង់ និងការឃុបឃិតគ្នាចែកចាយគ្រឿងញៀនដ៏សាហាវ នៅទូទាំងទីក្រុងញូវយ៉ក”។

គួរឲ្យដឹងថាលោក Ebisawa វ័យ ៦១ឆ្នាំ ត្រូវបានឃុំខ្លួនចាប់តាំងពីខែមេសា ឆ្នាំ២០២២ មកម្លេះ រួមជាមួយអ្នកសមគំនិតជាជនជាតិថៃម្នាក់ទៀត គឺលោក Somphop Singhasiri ពីបទជួញដូរគ្រឿងញៀនដូចជាហេរ៉ូអ៊ីន និងមេតំហ្វេតាមីនចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំដោយទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA)។

ហើយលុះដល់ឆ្នាំ២០២៤ លោកត្រូវបានចោទប្រកាន់ម្តងទៀតពីបទរត់ពន្ធសម្ភារៈនុយក្លេអ៊ែរ។ ឯកសារសំណុំរឿងបង្ហាញថា ចាប់តាំងពីឆ្នាំ២០២០ លោក Ebisawa បានទាក់ទងជាមួយអន្តរការីជាច្រើន ដោយផ្តល់ជូនការផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ និងសួរថាតើអ៊ីរ៉ង់ចាប់អារម្មណ៍ឬអត់។ ហើយចុងក្រោយត្រូវជាប់អន្ទាក់របស់ទីភ្នាក់ងារ DEA ដែលពុតធ្វើជាអ្នកចរចាទិញយក៕​