ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបណ្តេញលោកស្រី Kristi Noem ចេញពីតំណែងជាប្រធានក្រសួងសន្តិសុខមាតុភូមិ ដែលជាទីភ្នាក់ងារទទួលខុសត្រូវក្នុងការបង្ក្រាបអន្តោប្រវេសន៍យ៉ាងទូលំទូលាយក្នុងរដ្ឋបាលរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម Truth Social បាននិយាយថា លោក Markwayne Mullin ដែលជាសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមកពីរដ្ឋ Oklahoma នឹងត្រូវចូលកាន់តំណែងនៅនាយកដ្ឋានដ៏មានឥទ្ធិពលនេះ ជំនួសលោកស្រី Noem វិញនៅថ្ងៃទី៣១ ខែមីនាខាងមុខ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានបង្ហាញថា លោក ត្រាំ កន្លងមកហាក់មានការខកចិត្តចំពោះការដោះស្រាយបញ្ហារបស់លោកស្រី Noem លើប្រតិបត្តិការទ្រង់ទ្រាយធំថ្មីៗនេះប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលគ្មានឯកសារនៅរដ្ឋ Minnesota ក្នុងអំឡុងពេលដែលភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធបានបាញ់សម្លាប់ជនជាតិអាមេរិកពីរនាក់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថា លោកស្រី Noem នឹងទទួលបានតំណែងថ្មីមួយទៀត ដោយនឹងក្លាយជាអ្នកតំណាងពិសេសរបស់លោកសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខថ្មីមួយនៅតំបន់អឌ្ឍគោលខាងលិច ដែលលោកបានហៅវាថាជា “ខែលនៃអាមេរិក” ហើយនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃសៅរ៍នេះ៕

