លោក ត្រាំ បណ្តេញលោកស្រី Kristi Noem ចេញពីតំណែងប្រធានសន្តិសុខមាតុភូមិ

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបណ្តេញលោកស្រី Kristi Noem ចេញពីតំណែងជាប្រធានក្រសួងសន្តិសុខមាតុភូមិ ដែលជាទីភ្នាក់ងារទទួលខុសត្រូវក្នុងការបង្ក្រាបអន្តោប្រវេសន៍យ៉ាងទូលំទូលាយក្នុងរដ្ឋបាលរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម Truth Social បាននិយាយថា លោក Markwayne Mullin ដែលជាសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមកពីរដ្ឋ Oklahoma នឹងត្រូវចូលកាន់តំណែងនៅនាយកដ្ឋានដ៏មានឥទ្ធិពលនេះ ជំនួសលោកស្រី Noem វិញនៅថ្ងៃទី៣១ ខែមីនាខាងមុខ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានបង្ហាញថា លោក ត្រាំ កន្លងមកហាក់មានការខកចិត្តចំពោះការដោះស្រាយបញ្ហារបស់លោកស្រី Noem លើប្រតិបត្តិការទ្រង់ទ្រាយធំថ្មីៗនេះប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលគ្មានឯកសារនៅរដ្ឋ Minnesota ក្នុងអំឡុងពេលដែលភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធបានបាញ់សម្លាប់ជនជាតិអាមេរិកពីរនាក់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថា លោកស្រី Noem នឹងទទួលបានតំណែងថ្មីមួយទៀត ដោយនឹងក្លាយជាអ្នកតំណាងពិសេសរបស់លោកសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខថ្មីមួយនៅតំបន់អឌ្ឍគោលខាងលិច ដែលលោកបានហៅវាថាជា “ខែលនៃអាមេរិក” ហើយនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃសៅរ៍នេះ៕​